លោក សុខ សុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីបណ្តឹងរបស់ប្រជាពលរដ្ឋប្តឹងជំទាស់មិនឱ្យចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

កោះកុង÷ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មការរដ្ឋបាល នៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកោះកុង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីបណ្តឹងរបស់ប្រជាពលរដ្ឋឈ្មោះ ខេង ស៊្រាន់ ប្តឹងជំទាស់មិនឱ្យចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៃក្បាលដីលេខ៤០៥, ៤០៦, ៤០៧ និងលេខ ៤០៨ មានទីតាំងស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សា ការឆ្លើយបំភ្លឺរបស់សាក្សី និងការពិនិត្យឯកសារពាក់ព័ន្ធឃើញថា៖
១ .ឈ្មោះ ខេង ស្រ៊ាន់ ដាក់ពាក្យបណ្តឹងជំទាស់មិនឱ្យចេញប័ណ្ណកម្មសិទ្ធដោយអះអាងថា ដីនេះជារបស់គាត់ និងដីនេះ ឈ្មោះខេង ស្រ៊ាន់ និងឈ្មោះ លាង លន់ មិនបានលក់ទៅឱ្យអ្នកណាទេ ហើយឈ្មោះ លាង លន់ ក៏បានបដិសេធថាមិនបានលក់ដីនេះដែរ ព្រមទាំងបានបដិសេធថា ស្នាមមេដៃនៅលើលិខិតទិញលក់ មិនមែនជាស្នាមមេដៃគាត់ទេ
២. ប៉ុន្តែ តាមការពិនិត្យឯកសារទិញលក់ និងពិនិត្យផ្ទៀងផ្ទាត់ស្នាមមេដៃលើលិខិតទិញលក់ ឃើញថា ស្នាមមេដៃអ្នកលក់ដី ពិតជាស្នាមមេដៃរបស់ឈ្មោះលាង លន់ ប្រាកដមែន។

តាមរយៈលទ្ធផល នៃកិច្ចប្រជុំនេះ
លោក សុខ សុទ្ធី ក្នុងនាមជាប្រធានគណៈកម្មការរដ្ឋបាល បានសម្រេចបដិសេធបណ្តឹងរបស់ឈ្មោះ ខេង ស្រ៊ាន់ ព្រោះដីនេះបានលក់ទៅឱ្យអ្នកផ្សេងហើយ និងឈ្មោះ ខេង ស្រ៊ាន់ មិនមែនជាម្ចាស់កម្មសិទ្ធិទីតាំងដីនេះទេ៕