គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសពីការរៀបចំទិវាអូឡាំពិក (Olympic Day) វេលាម៉ោង ៨ ដល់ម៉ោង ១០ព្រឹក នាថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានក្រុមកីឡាករ កីឡាការិនីជម្រើសជាតិប្រមាណ ១០០នាក់ និងសិស្សានុសិស្សប្រមាណ ២០០នាក់ផ្សេងទៀតនឹងចូលរួមក្នុងទិវាដ៏មានសារៈសំខាន់ប្រចាំឆ្នាំដ៏ធំនេះ។
ការរៀបចំទិវាអូឡាំពិករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺក្នុងនាមជាសមាជិកពេញសិទ្ធិរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីជំរុញដល់ការបំផុសស្មារតី និងឧត្តមគតិកីឡានៅតាមប្រទេសនីមួយៗខណៈឆ្នាំ២០២៤នេះគឺជាលើកដំបូងហើយ ដែលទិវាអូឡាំពិកត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
គួរបញ្ជាក់ថា៖ Olympic Day គឺជាទិវានៃចលនាអូឡាំពិកមួយ ដែលគ្រប់បណ្ដាប្រទេសជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ តែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណតម្លៃកីឡាអូឡាំពិក ខណៈកម្ពុជា ក៏បានរៀបចំជារៀងរាល់ឆ្នាំផងដែ។
ជាមួយគ្នានេះ តាមរយៈការផ្សព្វផ្សាយរបស់ NOCC បានលើកឡើងអំពីសាររបស់លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ-IOC បានថ្លែងថា ៖«នៅថ្ងៃទិវាអូឡាំពិក យើងអបអរនៃការបង្កើតចលនាអូឡាំពិក ដោយស្ថាបនិករបស់យើង គឺលោក Pierre de Coubertin ។ ទិវាអូឡាំពិកឆ្នាំនេះ គឺជាថ្ងៃពិសេសមួយ ដែលធ្វើឡើងមុនព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ២០២៤ជាមួយនឹងអត្តពលិកអ្នកគាំទ្រ សហគមន៍អូឡាំពិក ទាំងមូលនៅជុំវិញពិភពលោក ដែលយើងទាំងអស់គ្នាយើងទាំងអស់គ្នាទន្ទឹងរង់ចាំ»។
ប្រធាន IOC ថ្លែងទៀតថា៖ យុគសម័យថ្មីនៃកីឡាអូឡាំពិក ៖ វ័យក្មេងជាងមុន បរិយាបន្នកាន់តែច្រើន ទីក្រុងកាន់តែច្រើន កាន់តែនិរន្តរភាព។ នេះការប្រកួតកីឡាអូឡាំពិកដំបូងបំផុត ដែលមានសមភាពយេនឌ័រពេញលេញ។ ការប្រកួតកីឡាអូឡាំពិកលើកដំបូងយ៉ាងពេញលេញស្របតាមរបៀបវារៈអូឡាំពិករបស់យើង។ នៅទីក្រុងប៉ារីសអត្តពលិកនឹងបំផុសគំនិតដល់យើងទាំងគ្នាជាមួយនឹងសមិទ្ធផលរបស់ពួកគេ។ ពួកគេនឹងបំផុសគំនិតពិភពលោកដោយការរស់នៅតាមបាវចនាអូឡាំពិករបស់យើង លឿនជាង ខ្ពស់ជាង ខ្លាំងជាងជាមួយគ្នា។ កីឡាអូឡាំពិកតែងតែជាស្ពាន និងនាំមនុស្សមកជួបជុំគ្នាដោយសន្តិភាព និងសាមគ្គីភាព។ នេះគឺជាភាពស្រស់ស្អាតនៃកីឡា៖ វាជំរុញយើងឱ្យធ្វើចលនា វានាំមកនូវអ្វីដែលល្អបំផុតនៅក្នុងខ្លួន ដែលធ្វើឱ្យយើងមានសុខភាពល្អ ហើយវានាំយើងមកជួបជុំគ្នាជាមិត្តភ័ក្តិ និងជាសហគមន៍ មិនថាយើងនៅទីណា និងវិធីណាក៏ដោយដែលយើងជ្រើសរើសធ្វើចលនា។
លោក Thomas Bach ថ្លែងទៀតថា ៖«នៅថ្ងៃទិវាអូឡាំពិកដ៏ពិសេសនេះ សូមយើងទាំងអស់គ្នាអបអរនូវសេចក្តីរីករាយ ដែលមានតែកីឡាប៉ុណ្ណោះដែលអាចផ្តល់ឱ្យយើង។ នៅក្នុងស្មារតីអូឡាំពិកពិតប្រាកដនេះ សូមរីករាយទិវាអូឡាំពិកនេះ។ រួមគ្នាជាមួយអ្នកទាំងអស់គ្នា ខ្ញុំទន្ទឹងរង់ចាំការប្រកួតកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ សម្រាប់ការប្រារព្ធពិធីដែលមិនអាចបំភ្លេចបាននៃសេចក្តីអំណរនៃកីឡា សម្រាប់ការអបអរនៃមនុស្សជាតិរួមគ្នារបស់យើង សម្រាប់ការប្រារព្ធពិធីសន្តិភាព»៕