បណ្ណាល័យ ព្រឹទ្ធាចារ្យ ប៊ូ ថង មានទីតាំងនៅក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី ត្រូវបានធ្វើពិធី សែនព្រេន តាមប្រពៃណីបងប្អូនជនជាតិដើមភាគតិចនាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីដាក់អោយដំណើរការអោយមហាជនទូទៅ និងសិស្សានុសិស្សអាចចូលសិក្សាឈ្វេងយល់ និងទស្សនាកម្រងរូបភាពប្រវត្តិសាស្រ្តរបស់ឥស្សរជនឆ្នើមៗ ប្រចាំខេត្តរតនគិរី។ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និង លោកជំទាវ ព្រឹទ្ធាចារ្យ ប៊ូ ថង លោកជំទាវ ព្រឹទ្ធាចារ្យ សើយ កែវ លោកជំទាវ ឯកឧត្តម ប៊ូ ឡាំ ផងដែរ។
ឯកឧត្តម ភូ គឹមមឿ សមាជិកក្រុមប្រឹក្សាខេត្ត អតីតជំនួយការ ព្រឹទ្ធាចារ្យ ប៊ូ ថង កាលឯកឧត្តមព្រឹទ្ធាចារ្យនៅមានជន្មាយុបានអោយដឹងថា បណ្ណាល័យនេះបង្កើតឡើងគឺគោរពតាមបំណងរបស់ឯកឧត្តម ព្រឹទ្ធា ប៊ូ ថង លោកចង់បង្កើត អោយមានបណ្ណាល័យមួយដើម្បីរក្សាទុកប្រវត្តិនិងស្នាដៃ ជាពិសេសរូបភាពចាស់ៗរបស់ឥស្សរជនឆ្នើមៗដែលបានចូលរួម រំដោះប្រទេសជាតិ និងការកសាងអភិវឌ្ឍន៍ខេត្តរតនគិរី ទុកអោយមនុស្សជំនាន់ក្រោយបានសិក្សាឈ្វេងយល់ និងបានឃើញនូវកម្រងរូបភាពប្រវត្តិសាស្រ្ត ដែលពួកគេមិនដែលបានជួបមិនដែលបានឃើញពីមុនមក។
នៅក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿនបានគោរពកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះឥស្សរជនគ្រប់ជំនាន់ក្នុងខេត្តរតនគិរី ជាពិសេស ឯកឧត្តមព្រឹទ្ធា ប៊ូ ថង ដែលជាវីរៈជនដ៏ឧត្តុង ឧត្តមដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិនិយាយជារួម និងនិយាយដោយឡែកចំពោះប្រជាជនក្នុងខេត្តរតនគិរី ។ ហើយតាមរយៈបណ្ណាល័យនេះ មនុស្សជំនាន់ក្រោយនឹងបានឃើញនូវ ប្រវត្តិនិងស្នាដៃរបស់ឯកឧត្តម ព្រឹទ្ធាចារ្យ និងរៀនសូត្រតាមគំរូវីរៈភាពដ៏អង់អាចក្លាហាននេះ៕