សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយសុខសន្តិភាព គឺជាកត្តាអំណោយផលដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ រហូតមកដល់បច្ចុប្បន្ននេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចូលរួមទាំងអស់គ្នាក្នុងការថែរក្សាសុខសន្តិភាព គឺជាគន្លឹះសំខាន់បំផុតដើម្បីកុំឱ្យកម្ពុជាបែកបាក់គ្នាដូចកាលពីអតីតកាល៕