កោះកុង ៖ លោកឧត្តមសេនីយ៍ទោ គង់មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងលោកជំទាវ សីរិ ផន រួមជាមួយលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ និងកងកម្លាំងនគរ បាល ព្រមទាំងអាចារ្យគណៈកម្មការ និងប្រជាពុទ្ធបរិស័ទចំណុះជើង វត្តទេពនិមិត្ត រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានមូលមតិ គ្នាជាឯកច្ឆន្ទ ក្រោមការផ្ដួចផ្ដើមពីលោក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរ បាលខេត្តកោះកុង បានរៀបចំអង្គកឋិន ទានមហាសាមគ្គី ដើម្បីដង្ហែទៅវេប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងពុទ្ធសីមា វត្ដទេពនិមិត្ត (ហៅវត្តថ្មី) ស្ថិតនៅភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដើម្បីទ្រទ្រង់ក្នុងវិន័យកិច្ចព្រះសង្ឃ និងសម្រាប់កសាងកុដិ១ខ្នងពីជាន់ ដែលមានបណ្ដោយ ១៨ ម៉ែត្រ ទទឹង ១៥ ម៉ែត្រកម្ពស់ ១៧.៥០ម៉ែត្រ បច្ចុប្បន្នដែលកំពុងតែកសាងបានប្រមាណជា ៤០ ទៅ ៥០% ប៉ុណ្ណោះ និងសម្រាប់កសាងសមិទ្ធផលនានា ទុក្ខសម្រាប់ជាទីអារាមធ្វើបុណ្យទាន តាមទំនាមទម្លាប់ប្រពៃណីខ្មែរ នៅថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។
បញ្ជាក់ថា បុណ្យកឋិនទានមហាសាមគ្គី គឺជាពិធីបុណ្យមួយក្នុងចំណោមបុណ្យធំៗ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់ វណ្ណៈតែងតែប្រារពធ្វើជារៀងរាល់ឆ្នាំ។ ប្រជាពលរដ្ឋកម្ពុជាដែលកាន់ព្រះពុទ្ធសាសនា កាលដែលមានលទ្ធភាព នឹង ធនធានធ្វើពិធីបុណ្យដង្ហែរអង្គកឋិនទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមទីអារាមនានានោះ នឹងទទួលបានអានិ សង្ឃទាំងក្នុងបច្ចុប្បន្នជាតិ នឹងអនាគត ជាតិ ជាពិសេសបានបញ្ជូនមហាកុសលទៅដល់បុព្វការីជនដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខ។
តាមទំនៀមទម្លាប់ខ្មែរជារៀងរាល់ឆ្នាំ ពុទ្ធបរិសទ័បាននាំគ្នាធ្វើបុណ្យកឋិនទានមហាសាមគ្គីនេះ គឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនា ស្តីពីកឋិនទាន ជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំង ពួង។ តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបានលុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែដោយបរិបូរណ៏ ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសទ័បានដែរ។
គួររំលឹកដែលថា យើងទាំងអស់គ្នាមានឧិកាសជួបជុំធ្វើបុណ្យទាននាពេលនេះ គឺដោយសារយើងមានសន្តិភាពពេញផ្ទៃប្រទេស ក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិកសន្តិភាព គឺសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងបន្តមកដល់នយោបាយបញ្ចកោណនៃអណត្តិទី៧របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ហើយបុណ្យកឋិនទាននេះ ក៏ជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែរុងរឿង នឹងគង់វង់យូអង្វែង។ ម៉្យាងទៀត ក៏បានបង្ហាញឱ្យឃើញពីការជួបជុំរបស់ពុទ្ធបរិសទ្ធ័ជិតឆ្ងាយដោយក្តីជ្រះថ្លា នឹង បង្កើនការសាមគ្គីភាពរវាងប្រជាពលរដ្ឋ នឹងអាជ្ញាធរក្នុងការរួមចំណែកអភិវឌ្ឍន៏ខេត្តឱ្យកាន់តែរីកចម្រើនផងដែរ។
តាមទំនៀមទម្លាប់ ជនណាបានធ្វើបុណ្យកឋិនទានដែលនាំអោយភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាងឈ្មោះថា ជាអ្នកឱ្យ សេចក្តីសុខដល់អ្នកដទៃក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។កំលាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិសទ្ធ័ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូន ជីតា ញាតិការទាំង៧ សណ្តាន និងឧទ្ទិសដល់វិញ្ញាណខន្ធ័យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ៕ ដោយ ញុឹប សន