ជាប់ពន្ធនាគារ០៤ដងមិនរៀងចាលត្រូវសមត្ថកិច្ចឃាត់ខ្លួនជាថ្មីពីបទលួចដូចមុន

(បាត់ដំបង) ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន និងធ្លាប់ជាប់ពន្ធនាគារ០៤ដងមិនរៀងចាល ត្រូវបានកម្លាំងផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក បើកការស្រាវជ្រាវស៊ើបអង្គេតរហូតឃាត់ខ្លួនបានជាថ្មីពាក់ព័ន្ធពីបទលួចដូចគ្នា។

កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិគងទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបាននាំខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផាត សុផាន់ណា (ហៅខ្ញី) ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគងទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងដកហូតមាន÷,ខ្សែកធ្វើពីលោហៈធាតុពណ៌លឿងដាំត្បូង ពណ៌ស ចំនួន១ខ្សែ (ខ្សែរកផ្លាកទីនស) ,.ខ្សែដៃ ធ្វើពីលោហៈធាតុពណ៌សដាំត្បូងពណ៌ស ០១ខ្សែ(ខ្សែរដៃផ្លាកទីនស)។

ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឡើងលើផ្ទះរបស់ជនរងគ្រោះលួច(ទ្រព្យសម្បត្តិ) ពិតប្រាកដមែន ហើយក៏ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋាន និងធ្លាប់ជាប់ពន្ធនាគារចំនួន៤ដងពីបទលួចផងដែរ៕