ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យអ្នកវិនិយោគ និងអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យទាំងអស់ ធ្វើទំនើបកម្មវិស័យនេះឱ្យសមស្របទៅនឹងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច សំដៅឱ្យសំណង់មានគុណភាព សុវត្ថិភាព សោភណភាព និងបង្ការហានិភ័យគ្រប់ប្រភេទដែលកើតចេញពីសំណង់។ ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសចូលរួមបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែធ្នូ ដែលមានក្រុមហ៊ុនចូលរួមចំនួន១១២ក្រុមហ៊ុន ស្មើនឹង២៣៧ស្តង់ និងមានសម្ភារៈបរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ផលិតនៅក្នុងស្រុក និងនាំចូលមកពីបណ្តាប្រទេសជាច្រើនសរុបប្រមាណជាង៥០០ប្រភេទ រួមទាំងសេវាកម្មផ្សេងៗជាង៥០ប្រភេទ ដែលពាក់ព័ន្ធនឹងវិស័យសំណង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា វាដល់ដំណាក់កាលដែលអ្នកវិនិយោគ និងអភិវឌ្ឍន៍វិស័យសំណង់ងាកមករៀបចំឧស្សាហកម្មសំណង់ គ្រឿងបង្គុំសំណង់ គ្រឿងសង្ហារិម គ្រឿងលម្អ ឧស្សាកម្មកម្ចីប្រាក់ ជាដើមនេះ ឱ្យបានត្រឹមត្រូវទៅតាមការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងការរស់នៅរបស់ប្រជាជន។ លោកអ្នកឧកញ៉ាបណ្ឌិត ពង់ ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានគាំទ្រការលើកឡើងនេះ ដោយលោកអ្នកឧកញ៉ា បានថ្លែងថា ការដាក់តាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ដែលមានលក្ខណៈលំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជានេះ ក្នុងគោលបំណងផ្តល់ឱកាសឱ្យក្រុមហ៊ុនទាំងក្នុងប្រទេស និងក្រៅប្រទេសដែលជាម្ចាស់ រោងចក្រ ឬជាអ្នកនាំចូលសម្ភារៈ បរិក្ខារ និងគ្រឿងចក្រ ចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន និងអាចធ្វើការផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារខាងវិស័យសំណង់នៅកម្ពុជា ជាពិសេសបង្កើតជាវេទិកាឲ្យអ្នកទិញ អ្នកលក់ ម្ចាស់រោងចក្រ បានជួប និងស្វែងយល់គ្នាដោយផ្ទាល់ដើម្បីទទួលបាននូវតម្លៃ និងលក្ខខណ្ឌពីដៃគូអាជីវកម្ម។
តាមប្រសាសន៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រាជធានីភ្នំពេញ មានសំណង់បុរី បណ្តុំផ្ទះល្វែង មានចំនួន៤៤៨កន្លែង និងអគារខ្ពស់១.៨៤៨អគារ ក្នុងនោះអគារកម្ពស់៥ជាន់ទៅ៩ជាន់មានចំនួន១.០៨៨អគារ, អគារកម្ពស់១០ជាន់ទៅ១៩ជាន់មានចំនួន៤៩១អគារ, អគារកម្ពស់២០ជាន់ទៅ២៩ជាន់មានចំនួន១៤៤អគារ, អគារកម្ពស់៣០ជាន់ទៅ៣៩ជាន់មានចំនួន៧៩អគារ, និងអគារកម្ពស់៤០ជាន់ឡើងទៅមានចំនួន៥០អគារ។ ក្រៅពីនេះ ក្នុងរយៈពេល១០ខែឆ្នាំ២០២៤ រាជធានីភ្នំពេញទទួលបានគម្រោងសាងសង់ចំនួន៥១៦គម្រោង លើផ្ទៃដីសរុប២៥៤លានម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគប៉ាន់ប្រមាណ១ពាន់លានដុល្លារអាមេរិកបន្ថែមទៀត៕ ដោយ៖ វិទ្យុជាតិកម្ពុជា