សំណង់រឹងមាំគ្មានច្បាប់ សាងសង់ដោយរលូននៅលើព្រែក ជាប់គល់ស្ពាន មិនមានការរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ

កោះកុង ÷ សំណង់រឹងមាំគ្មានច្បាប់ នៅតែបន្តកើតឡើងជាបន្តបន្ទាប់ ខណៈអាជ្ញាធរ និងមន្ត្រីជំនាញបានត្រឹមឆ្លើយដោះសារ ថាខ្លួនពុំបានដឹង ជាក់ស្តែងនៅពេលថ្មីៗនេះ សកម្មភាពសាងសង់សំណង់រឹងមាំនៅលើព្រែកត្រង់ចំណុចគល់ស្ពានយាយយួន ស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បាននឹងកំពុងសាងសង់យ៉ាងរលូនដោយពុំមានការរំខាន ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ។

ការសាងសង់សំណង់ឥតច្បាប់ បំពានយកព្រែកសាធារណៈធ្វើជាកម្មសិទ្ធឯកជននេះ  ត្រូវបានមហាជនជាច្រើនចោទប្រកាន់ទៅលើអាជ្ញាធរ និងជំនាញពាក់ព័ន្ធថា បើកដៃ ឃុបឃិត បណ្តែតបណ្តោយអោយក្រុមអ្នកមានលុយ មានខ្សែខ្នងធំៗ សាងសង់សំណង់បំពានទៅលើផ្លូវច្បាប់ បើសិនជាពលរដ្ឋតូចតាច ពុំមានខ្សែខ្នងនោះ គ្រាន់តែធ្វើការជួសជុលផ្ទះចាស់មិនបានផង ប្រាកដជាត្រូវខាងអាជ្ញាធរចុះមកហាមឃាត់បាត់ទៅហើយ ។

មហាជនជាច្រើននាំគ្នាទទូចស្នើរសុំអោយខាងអាជ្ញាធរ ក្រុងចាត់កម្លាំងចុះពិនិត្យ និង តាមដានសកម្មភាពបំពានសម្បត្តិសាធារណៈរបស់រដ្ឋខាងលើផង  ជៀសវៀងផ្ទុះការរិះគន់កាន់តែខ្លាំង ពិសេស គូរពិនិត្យមើលមន្ត្រីថ្នាក់ក្រោមដើម្បីលុបបំបាត់ការលែងសៀកឆ្ពិនភ្នែកពីមន្ត្រីដ្នាក់ក្រោម  ។

កន្លងមកមន្ត្រីថ្នាក់ជាតិជាច្រើនរូបបានចុះមកសិក្ខាសាលាផ្សព្យផ្សាយដល់មន្ត្រីថ្នាក់ក្រោម អោយខិតខំទប់ស្កាត់នៅរាល់បទល្មើសនានា ដែលបំពាននិងនាំអោយខូចខាតប្រយោជន៍សាធារណៈ តែជាក់ស្តែងការឃុបឃិតជាប្រព័ន្ធរវាងអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ហាក់នៅតែជាប្រពៃណីមិនសាបសូន្យ ដោយសកម្មភាពបំពាននៅតែបន្តកើតមានឥតឈប់ឈរ ។

ជុំវិញបញ្ហាចោទប្រកាន់ខាងលើ លោក លឹម ឌី ចៅសង្កាត់ដងទង់បានបញ្ជាក់អោយដឹងតាមតេឡេក្រាមថា សំណង់ខាងលើអត់មានច្បាប់ទេ ហើយម្ចាស់សំណង់ក៏មិនបានប្រាប់មកសង្កាត់ដែរ។

ដោយឡែកលោក អាយ សុភារិទ្ធ ប្រធានភូមិបាលក្រុង នៅពុំទាន់បានបកស្រាយឲ្យបានច្បាស់លាស់នៅឡើយទេ ចំពោះសំណង់ដែលកំពុងធ្វើការសាងសង់នៅលើព្រែក ជាប់គល់ស្ពានខាងលើ ដោយលោកឆ្លើយយ៉ាងខ្លីថា ចាំលោកសួរទៅច្រកសិន៕ ដោយ ញុឹប សន