ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤
ក្នុងយន្តការថែទាំវិនិយោគិន លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាសមាជិកនៃក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានចូលរួមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យគម្រោងដែលបានទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្រោមវិសាលភាព “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” នៅទីតាំងចំនួន៣ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ១.០៤០ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥.៧៥៥ កន្លែង រួមមាន :
១. គម្រោងសណ្ឋាគារផ្កាយ ៥ និង អគារពាណិជ្ជកម្ម (Peninsula Integrated Resort) របស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd
២. គម្រោង រោងចក្រផលិតដែករបស់ក្រុមហ៊ុន HUALE STEEL (CAMBODIA) CO., LTD.
៣. គម្រោងរោងចក្រផលិត និង ផ្គុំដំឡើងបន្ទះសូឡា និង គ្រឿងបង្គុំ របស់ ក្រុមហ៊ុន JINGYING PV-TECH (CAMBODIA) CO., LTD។
លោក អភិបាលរង បានលើកឡើងថា ការចុះពិនិត្យគម្រោងដែលទទួលបានការលើកទឹកចិត្តរួចហើយនេះ មានគោលបំណង ដើម្បីតាមដាន និងជំរុញការអនុវត្តគម្រោង និងស្តាប់ពីវឌ្ឍនភាពអនុវត្តគម្រោង សំណូមពរ និងជាពិសេសបញ្ហាប្រឈមនានាពីវិនិយោគិនដោយផ្ទាល់។ ការចុះពិនិត្យនេះ គឺជាភារកិច្ចសំខាន់ដែលរដ្ឋបាលខេត្តក្នុងនាមជាអាជ្ញាធរមូលដ្ឋាន និងក្រុមការងារត្រូវបំពេញនិងកំពុងបន្តអនុវត្តជាប់ជាប្រចាំ។ បន្ថែមពីលើការទាក់ទាញការវិនិយោគ ភារកិច្ចសំខាន់មួយទៀតរបស់យើងគឺ ស្វែងយល់អំពីបញ្ហាប្រឈមរបស់វិនិយោគិន ដើម្បីមានលទ្ធភាពផ្តល់ដំណោះស្រាយ និងការសម្របសម្រួលផ្សេងៗ រួមទាំងការពន្យល់នានា ដើម្បីជំរុញការអនុវត្តគម្រោងដោយរលូន និងបង្កើតបរិយាកាសវិនិយោគកាន់តែល្អប្រសើរ។