បេក្ខជនទាំងអស់ដែលបានប្រឡងជាប់ ក្នុងសម័យប្រឡង ០៨ តុលា ២០២៤ ចំនួន ១០៦.៣៥១នាក់ ស្មើនឹង ៧៩.០០ % នៃបេក្ខជនមកប្រឡងសរុប ដែលភាគរយបេក្ខជនប្រឡងជាប់ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧២.៨៩ ភាគរយ។ លទ្ធផលដ៏ប្រសើរនេះពិតជាកើតចេញពីការខិតខំរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងតួអង្គពាក់ព័ន្ធមួយចំនួនទៀតដែលបានខ្នះខ្នែង និងផ្តល់ការបំពាក់បំប៉នសមត្ថភាពដល់សិស្សានុសិស្ស ជាពិសេសឪពុកម្តាយ និងអាណាព្យាបាលដើម្បីជួយឱ្យពួកគេទទួលបានលទ្ធផលល្អក្នុងការសិក្សា ក៏ដូចជាទទួលបានជ័យលាភីនៅក្នុងការប្រឡងយកសញ្ញាបត្រ។
ការផលិតបាននូវសិស្សនិទ្ទេស A រាប់ពាន់នាក់ប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារបច្ចេកទេស និងការពង្រឹងប្រសិទ្ធភាពការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឱ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ឆ្លើយតបទៅនឹងការរីកចម្រើនក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលកម្ពុជាត្រូវឈរលើសក្តានុពល ដែលខ្លួនមាន និងបោះជំហានឱ្យទាន់ប្រទេសនៅក្នុងតំបន់ និងបរិការណ៍សកលលោក ជាពិសេសក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេស។
រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី២៣ ធ្នូ ២០២៤